មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយរិះគន់ជាលើកដំបូង ជុំវិញទៅនឹងផែនការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ របស់រដ្ឋាភិបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាជាការបំផ្លាញការងាររបស់ទីភ្នាក់ងារ DOGE ដែលខិតខំធ្វើការកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AOL។
គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិរថយន្តអគ្គិសនី Tesla រូបនេះ បានខិតខំចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយការិយាល័យ DOGE ដើម្បីជួយសេតវិមានលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងលុបបំបាត់ការក្លែងបន្លំ និងការខ្ជះខ្ជាយក្នុងថវិកាសហព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងណា ថ្មីៗនេះ លោក Musk បាននិយាយថាលោកកំពុងតែចាកចេញពីក្បាលម៉ាស៊ីនដឹកនាំរបស់ទីភ្នាក់ងារ DOGE នេះហើយ ដើម្បីងាកទៅផ្តោតលើអាជីវកម្មរបស់ខ្លួនវិញ។
កាលពីខែមុន លោក Musk បានប្រាប់អ្នកយកព័ត៌មានថាទីភ្នាក់ងារ DOGE របស់ខ្លួន បានជួយសន្សំទឹកប្រាក់ចំនួន ១៦០ពាន់លានដុល្លារក្នុងការចំណាយរបស់សហព័ន្ធ និងកាត់បន្ថយការងាររបស់រដ្ឋាភិបាលចំនួន ២០ ០០០ នាក់ ឬប្រហែល ១% នៃកម្លាំងការងារសរុបរបស់សហព័ន្ធ។
ជម្រាបជូនផងដែរថា លោក Musk បានប្រឈមមុខនឹងរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមវិនិយោគិន ឲ្យងាកមកចំណាយពេលវេលាបន្ថែមទៀតលើអាជីវកម្មរបស់លោកវិញ បន្ទាប់ពីការងារនៅក្នុងទីភ្នាក់ងារ DOGE បានបង្កឲ្យមានការធ្វើពហិការ និងការតវ៉ាប្រឆាំង យ៉ាងខ្លាំងទៅនឹងក្រុមហ៊ុន Tesla៕