យោងតាមទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ចក្រភពអង់គ្លេស ឥឡូវនេះ បានហក់ឡើងមកឈរនៅចំណាត់ថ្នាក់ទី០២ ក្នុងនាមជាម្ចាស់បំណុលបរទេសធំជាងគេបំផុតទី០២ របស់អាមេរិក បន្ទាប់ពីបានវ៉ាដាច់ប្រទេសចិន ជាលើកដំបូង ក្នុងរយ:ពេល ២៥ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
អង់គ្លេស បានកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាមេរិក សរុបចំនួន ៧៧៩ពាន់លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ស្របពេលប្រទេសចិន មានចំនួនត្រឹមតែប្រមាណ ៧៦៥ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងរយ:ពេលដូចគ្នា។
យ៉ាងណាមិញ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងទៀតថា តម្លៃមូលបត្របំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលត្រូវបានកាន់កាប់ដោយបរទេស បានឈានដល់កម្រិតកំណត់ត្រា ៩,០៥ទ្រីលានដុល្លារ គិតក្នុងខែមីនា ពោលគឺកើនឡើងពីចំនួន ២៣៣,២ពាន់លានដុល្លារ កាលពីខែមុន។
គួរឲ្យដឹងផងដែរថា ប្រទេសជប៉ុននៅតែជាប្រទេសកាន់កាប់បំណុលបរទេសរបស់សហរដ្ឋអាមេរិកធំជាងគេ ជាមួយនឹងចំនួនទឹកប្រាក់សរុប ១,១៣ទ្រីលានដុល្លារ។
យ៉ាងណាមិញ ប្រទេសចិន បានកាត់បន្ថយការកាន់កាប់មូលបត្រអាមេរិករបស់ខ្លួន បន្ទាប់ពីមានការលក់ចេញអស់ប្រមាណ ២៧,៦ពាន់លានដុល្លារ នៅក្នុងរតនាគារអាមេរិក ដែលធ្វើឲ្យចំនួនធ្លាក់មកនៅត្រឹមប្រមាណ ៧៦៥,៤ពាន់លានដុល្លារ ក្នុងខែមីនា។
ជម្រាបជូនផងដែរថា សម្រាប់ប្រទេសផ្សេងទៀត បានបង្កើនការកាន់កាប់របស់ពួកគេ នៅក្នុង មូលបត្របំណុលរដ្ឋាភិបាលអាមេរិក ដូចជា កាណាដា ដែលបានកើនឡើងពី ២០,១ពាន់លានដុល្លារ ដល់ ៤២៦,២ពាន់លានដុល្លារ និងបែលហ្ស៊ិកដែលបានកើនឡើងពី ៧,៤ពាន់លានដុល្លារ ដល់ ៤០២,១ពាន់លានដុល្លារ៕

