រដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Marco Rubio បានឱ្យដឹងកាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញថា សហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ប្រសិនបើមិនមានការរីកចម្រើនលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Financial Times បានចុះផ្សាយ។
ការលើកឡើងរបស់លោក Marco Rubio បានធ្វើឡើង បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ២ម៉ោង រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលមិនបានផ្តល់លទ្ធផលជាក់ស្តែងណាមួយអំពីកិច្ចសន្ទនារវាងអ្នកទាំងពីរ។
លោក Rubio បានសង្កត់ធ្ងន់ថា ទណ្ឌកម្មដែលមានស្រាប់ទៅលើប្រទេសរុស្ស៊ី នឹងនៅតែរក្សាដដែល ដោយទណ្ឌកម្មថ្មីអាចនឹងបន្ថែមពន្ធ ៥០០% ចំពោះប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី បើសិនការចរចាសន្តិភាពមិនអាចបញ្ចប់បានទៅយ៉ាងរលូន។