ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ឬត្រូវស្គាល់ថា TSMC បាននិយាយថា ប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទីពីរ រាប់ចាប់ពីខែមេសា ដល់ខែមិថុនា អាចកើនឡើងដល់ ៣៩៨,៣ពាន់លានដុល្លារតៃវ៉ាន់ (១៣,៥ពាន់លានដុល្លារ)។ តួរលេខនេះផងដែរ នឹងក្លាយជាប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់របស់ក្រុមហ៊ុន សម្រាប់រយ:ពេល ៥ត្រីមាសជាប់ៗគ្នា។
គួរឲ្យដឹងដែរថាជុំវិញការព្យាករអំពីកំណើនប្រាក់ចំណេញដ៏ខ្ពស់នេះ ត្រូវបានធ្វើឡើង បើទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការពន្ធគយខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាប្រាក់ដុល្លារតៃវ៉ាន់ឡើងថ្លៃក៏ដោយ។
យ៉ាងណាមិញ TSMC ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ Apple និង Nvidia បានប្រកាសពីផែនការវិនិយោគចំនួន ១០០ពាន់លានដុល្លារអាមេរិក ជាមួយលោក ត្រាំ នៅសេតវិមានកាលពីខែមីនា ដោយក្នុងនោះទឹកប្រាក់ ៦៥ពាន់លានដុល្លារ សម្រាប់ការសាងសង់រោងចក្រថ្មីៗចំនួន ៣ នៅរដ្ឋ Arizona ។
ជម្រាបជូនថា ភាគហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនតៃវ៉ាន់ របស់ TSMC បានកើនឡើងប្រហែល ៨០% កាលពីឆ្នាំមុន ប៉ុន្តែសម្រាប់ឆ្នាំនេះ ភាគហ៊ុនបានកើនឡើងត្រឹមតែ ៥% ប៉ុណ្ណោះ ដោយសារការព្រួយបារម្ភអំពីពន្ធគយ និងអត្រាប្តូរប្រាក់ដែលមិនអំណោយផល៕