ថ្លែងកាលពីថ្ងៃទី១១ខែមិថុនានៅឯវេទិកាសន្តិសុខក្នុងតំបន់នៅទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រខ្មៅជាយុទ្ធសាស្ត្រដែលត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយកងកម្លាំងរុស្ស៊ី, លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «សន្តិសុខនៃអឺរ៉ុបអាគ្នេយ៍ និងសមុទ្រខ្មៅគឺមិនអាចបំបែកបានទេ»។ លោកបានអំពាវនាវឲ្យមានសកម្មភាពបង្រួបបង្រួម ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគឺចាំបាច់ដើម្បីរារាំងទីក្រុងមូស្គូពីការអនុវត្តយុទ្ធនាការយោធាបន្ថែមទៀត។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា «យើងនៅទីនេះក្នុង Odesa ដែលជាទីក្រុងដែលរុស្ស៊ីចង់បំផ្លាញ ព្រោះវាបានបំផ្លាញទីក្រុងផ្សេងៗទៀតរាប់មិនអស់។ ផែនការយោធារបស់រុស្ស៊ី គឺផ្តោតលើតំបន់នេះ ហើយបន្ទាប់មកនៅព្រំដែនជាមួយម៉ុលដាវី និងរូម៉ានី។ យើងត្រូវការការការពារឥឡូវនេះ។ ប៉ុន្តែលើសពីនេះទៀត យើងត្រូវការការធានារយៈពេលវែងដែលថា រឿងនេះនឹងមិនកើតឡើងម្តងទៀតទេ»៕